នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយពីប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ មុំ សូលីដា ឯក មនោសែន សមាជិកាកិត្តិយស នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ៦០លានរៀល, អង្ករ ចំនួន ១ ១០០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ២០កេស, ទឹកផ្លែឈើ ចំនួន ២០កេស, ទឹកត្រីនិងទឹកស៊ីអ៉ីវ ចំនួន ២០យួរ, សៀង ចំនួន ៥០គីឡូក្រាម, ពងទាប្រៃ ២០០គ្រាប់, សាច់ប៉ូវ ចំនួន ១២គីឡូក្រាម, នំ ចំនួន ១កេស, តង់ ចំនួន ៥០ និងខ្សែអង្រឹង ចំនួន ៥ដុំ។
