ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
(ភ្នំពេញ)នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ ទីស្តីការក្រសួងព័ត៌មាន វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗចំនួន៥ ក្នុងវិស័យសារព័ត៌មាននាយុគសម័យឌីជីថល រួមមាន៖
១. ការផ្សព្វផ្សាយព័ត៌មានមានល្បឿនលឿនជាងការផ្ទៀងផ្ទាត់។
២. ការប្រកួតប្រជែងទាក់ទាញអ្នកមើល ជាងការកសាងអ្នកតាមដាន។
៣. ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លែងបន្លំមុខមាត់ សំឡេង និងបង្កើតព័ត៌មានក្លែងក្លាយ។
៤. ការលាយឡំរវាងព័ត៌មានពិត និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្ម។
៥. ការខ្វះការត្រួតពិនិត្យមុនផ្សាយ នៅពេលបុគ្គលម្នាក់បំពេញតួនាទីច្រើន ជាអ្នកថតផង អ្នកអត្ថាធិប្បាយផង នាយកនិពន្ធផង អ្នកកាត់ត និងអ្នកសម្រេចលើខ្លឹមសារផ្សាយផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា បញ្ហាសំខាន់ស្ថិតនៅលើរបៀបប្រើប្រាស់បច្ចេកវិទ្យា ហើយមនុស្សជាអ្នកទទួលខុសត្រូវចំពោះការប្រើប្រាស់ AI និងខ្លឹមសារដែលខ្លួនផ្សព្វផ្សាយ។ ក្រមសីលធម៌ជាមូលដ្ឋាននៃទំនុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវប្រកាន់ខ្ជាប់ពេញមួយដំណើរការការងារ ចាប់ពីការទទួលព័ត៌មាន ការផ្ទៀងផ្ទាត់ រហូតដល់ការផ្សព្វផ្សាយចប់សព្វគ្រប់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រួមចំណែកពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តច្បាប់ និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ភាពជឿជាក់ និងការទទួលខុសត្រូវចំពោះសង្គម។



