រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារ (Morning tea meeting) ជាមួយតំណាងក្រសួងមហាផ្ទៃ ស្តីពីការងាររៀបចំការតភ្ជាប់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណបុគ្គល និងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ដំណើរចេញចូលរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការពិភាក្សាក្នុងជំនួបនេះផ្តោតលើការរៀបចំប្រព័ន្ធទិន្នន័យអត្តសញ្ញាណបុគ្គល និងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ដំណើរចេញចូលរបស់ជនបរទេស ដែលមានសារៈសំខាន់ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានរបស់អ្នកស្នើសុំព្រឹត្តិបត្រថ្កោលទោសពីក្រសួងយុត្តិធម៌។ ប្រព័ន្ធនេះនឹងជួយឱ្យការងារផ្ទៀងផ្ទាត់មានសុក្រឹតភាព និងភាពច្បាស់លាស់ក្នុងការបញ្ជាក់អត្តសញ្ញាណបុគ្គល ព្រមទាំងប្រវត្តិនៃការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងទូលំទូលាយអំពីសារៈសំខាន់នៃប្រព័ន្ធទិន្នន័យអត្តសញ្ញាណបុគ្គល និងការតភ្ជាប់ប្រព័ន្ធទិន្នន័យរវាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវភាពសុក្រឹត និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានអំពីជនបរទេសនៅកម្ពុជា។ ការងារនេះនឹងជួយឱ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានរបស់អ្នកស្នើសុំព្រឹត្តិបត្រថ្កោលទោសកាន់តែមានប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត៕