ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ
(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកស្រី រ៉េត ផល្លីដា ត្រូវជាឧត្តមភរិយា និងស្នងការរងទាំងអស់និងភរិយា ព្រមទាំងស្ត្រីជានគរបាលសរុបចំនួន៣៥២នាក់។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ជាមួយគ្នានោះ លោកស្នងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ។
